11. ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដាវរបស់ស្ដេចស្រុកបាប៊ីឡូននឹងប្រហារអ្នក។
12. យើងនឹងធ្វើឲ្យប្រជាជនដ៏ច្រើនរបស់អ្នកស្លាប់ដោយមុខដាវរបស់ខ្មាំង ដែលសាហាវជាងគេបំផុត ក្នុងចំណោមប្រជាជាតិនានា។ ពួកគេនឹងបំបាក់អំនួតរបស់ស្រុកអេស៊ីប ហើយប្រជាជនដ៏ច្រើនរបស់ស្រុកអេស៊ីបនឹងត្រូវវិនាស។
13. យើងនឹងបំផ្លាញហ្វូងសត្វទាំងអស់របស់អ្នក នៅក្បែរទន្លេ ពេលនោះ លែងមានជើងមនុស្ស ឬជើងសត្វ ធ្វើឲ្យល្អក់ទឹកទៀតហើយ។
14. យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយឲ្យវាហូរដោយសម្រួលដូចប្រេង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
15. ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។
16. នេះជាបទទំនួញដែលគេត្រូវស្មូត្រនៅតាមក្រុងផ្សេងៗ ក្នុងចំណោមប្រជាជាតិទាំងឡាយ។ ពួកគេនឹងស្មូត្រទំនួញនេះស្រណោះស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនឥតគណនារបស់ស្រុកនេះ»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
17. នៅឆ្នាំទីដប់ពីរ ថ្ងៃទីដប់ប្រាំ ក្នុងខែទីមួយ ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
18. កូនមនុស្សអើយ ចូរយំសោកស្រណោះប្រជាជនដ៏ច្រើនឥតគណនានៅស្រុកអេស៊ីបទៅ! ចូរឲ្យបទទំនួញនេះរុញពួកគេទម្លាក់ទៅក្នុងទីជម្រៅ រួមជាមួយប្រជាជាតិដ៏ខ្លាំងពូកែឯទៀតៗ គឺជាមួយអស់អ្នកដែលធ្លាក់រណ្ដៅ!
19. ចូរពោលទៅពួកគេថា “តើអ្នករាល់គ្នានឹកស្មានថា គួរឲ្យយើងប្រណីអ្នករាល់គ្នាជាងអ្នកដទៃឬ? ចូរធ្លាក់រណ្ដៅជាមួយពួកទមិឡ
20. ក្នុងចំណោមអស់អ្នកដែលស្លាប់ដោយមុខដាវទៅ!”។ ឥឡូវនេះ ដាវហូតចេញពីស្រោមហើយ ចូរប្រហារស្រុកអេស៊ីប និងប្រជាជនដ៏ច្រើននៃស្រុកនេះឲ្យវិនាសទៅ!
21. នៅស្ថានមច្ចុរាជ ពួកអ្នកចំបាំងដ៏អង់អាច និងសម្ពន្ធមិត្តរបស់ស្រុកអេស៊ីបកាលពីមុន នឹងពោលថា “ពួកទមិឡទាំងនេះដែលត្រូវគេចាក់ដោយមុខដាវ ក៏ចុះមកនៅជាមួយពួកយើងដែរហ្ន៎!”។
22. ស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលស្លាប់ដោយមុខដាវ ក៏នៅទីនោះទាំងអស់គ្នាដែរ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។
23. ផ្នូររបស់ពួកគេស្ថិតនៅក្នុងរណ្ដៅដ៏ជ្រៅ ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកអ្នកដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័រ បែរជាដួលស្លាប់ដោយមុខដាវទាំងអស់គ្នាដែរ។
24. ស្ដេចស្រុកអេឡាំ និងកងពលទាំងមូល ត្រូវដួលស្លាប់ដោយមុខដាវទាំងអស់គ្នា ផ្នូរទាហាននៅព័ទ្ធជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡដែលធ្លាប់តែធ្វើឲ្យពិភពលោកភ័យញ័របានធ្លាក់ទៅក្នុងទីជម្រៅ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។
25. ស្ដេចស្រុកអេឡាំ និងពលទាហាន ស្ថិតនៅក្នុងចំណោមអ្នកឯទៀតៗដែលស្លាប់ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ទោះបីពួកទមិឡទាំងនោះធ្លាប់ធ្វើឲ្យពិភពលោកភ័យញ័រក្ដី ក៏ពួកគេស្លាប់ដោយមុខដាវទាំងអស់គ្នា។ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់។
26. ស្ដេចស្រុកម៉េសេក និងស្រុកទូបាល ព្រមទាំងពលទាហានរបស់គេក៏នៅទីនោះដែរ ផ្នូរទាហានស្ថិតនៅជុំវិញផ្នូររបស់ស្ដេច។ ពួកទមិឡទាំងនោះសុទ្ធតែស្លាប់ដោយមុខដាវ ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។
27. ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅស្ថានមច្ចុរាជ ដោយមានទាំងគ្រឿងសស្ត្រាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។
28. ផារ៉ោនអើយ អ្នកត្រូវគេសម្លាប់ក្នុងចំណោមពួកទមិឡ អ្នកក៏នឹងស្ថិតនៅជាមួយពួកដែលស្លាប់ដោយមុខដាវដែរ!
29. ជនជាតិអេដុម ទាំងស្ដេច ទាំងមេដឹកនាំ ក៏នៅទីនោះដែរ។ ទោះបីពួកគេជាអ្នកចំបាំងដ៏ពូកែក្ដី ក៏ពួកគេស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ ពួកគេស្ថិតនៅជាមួយពួកទមិឡ និងជាមួយពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។
30. មេដឹកនាំទាំងប៉ុន្មាននៅស្រុកខាងជើង និងអ្នកស្រុកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ។ ទោះបីពួកគេធ្លាប់ជាអ្នកចំបាំងដ៏ពូកែ ហើយធ្វើឲ្យពិភពលោកភ័យញ័រក្ដី ពួកគេចុះទៅជាមួយអស់អ្នកដែលស្លាប់ ទាំងអាម៉ាស់។ ពួកទមិឡទាំងនោះស្ថិតនៅជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ ពួកគេត្រូវអាម៉ាស់មុខជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ។