17. ពួកយុវជននៅក្រុងអាវេន និងក្រុងពីបែសែត ដួលស្លាប់ដោយមុខដាវ ហើយអ្នកក្រុងទាំងនោះនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
18. ពេលយើងបំបាក់នឹមរបស់ស្រុកអេស៊ីប ហើយពេលដែលអំណាចអួតអាងរបស់ពួកគេរលាយសូន្យ នោះនៅក្រុងតាហាពេនេស ថ្ងៃប្រែជាងងឹត ពពកអាប់អួគ្របដណ្ដប់ពាសពេញក្រុង ហើយប្រជាជនរបស់គេនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
19. យើងនឹងធ្វើទោសស្រុកអេស៊ីប ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
20. នៅឆ្នាំទីដប់មួយ ថ្ងៃទីប្រាំពីរ ក្នុងខែទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖
21. «កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃម្ខាងរបស់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។
22. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រហារផារ៉ោន ជាស្ដេចស្រុកអេស៊ីប យើងនឹងបំបាក់ដៃទាំងសងខាងរបស់ស្ដេចនេះ គឺទាំងដៃល្អទាំងដៃបាក់ ហើយយើងនឹងជម្រុះដាវចេញពីដៃរបស់គេដែរ។
23. យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេឲ្យទៅប្រទេសនានា។
24. យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយប្រគល់ដាវរបស់យើងឲ្យស្ដេចនេះ យើងនឹងកាច់បំបាក់ដៃរបស់ស្ដេចស្រុកអេស៊ីប ហើយស្ដេចស្រុកអេស៊ីបនឹងស្រែកថ្ងូរនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ព្រោះតែរបួសជិតស្លាប់។
25. យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយបំបាក់កម្លាំងរបស់ស្ដេចផារ៉ោន។ ពេលណាយើងប្រគល់ដាវរបស់យើងឲ្យស្ដេចស្រុកបាប៊ីឡូន ហើយពេលស្ដេចនេះលើកដាវតម្រង់ទៅរកស្រុកអេស៊ីប នោះគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។