អេសេ‌គាល 28:14-21 Khmer Standard Version (KHSV)

14. អ្នក​ជា​ចេរូប៊ីន*​ត្រដាង​ស្លាប ដែល​យើង​បាន​តែង‌តាំង​ឲ្យ​ការពារ យើង​បាន​ដាក់​អ្នក​នៅ​លើ​ភ្នំ​របស់​យើង អ្នក​ដើរ​នៅ​កណ្ដាល​ថ្ម​ដ៏​ភ្លឺ​ផ្លេក។

15. ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។

16. ការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។

17. អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។

18. អ្នក​បាន​បង្អាប់​ទី‌សក្ការៈ​របស់​យើង ដោយ‌សារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយ‌សារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កម្ទេច​អ្នក​ឲ្យ​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​មនុស្ស‌ម្នា​បាន​ឃើញ។

19. ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

21. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ!

អេសេ‌គាល 28