13. យើងនឹងបំបាត់ស្នូរចម្រៀងរបស់អ្នក ហើយសំឡេងពិណរបស់អ្នកក៏នឹងលែងឮទៀតដែរ។
14. យើងនឹងទុកឲ្យអ្នកនៅសល់តែផ្ទាំងថ្មមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយគ្មាននរណាសង់អ្នកឡើងវិញឡើយ ដ្បិតយើងជាព្រះជាអម្ចាស់បានប្រកាសសេចក្ដីទាំងនេះ»។
15. ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ក្រុងទីរ៉ុសដូចតទៅ៖ «ប្រជាជននៅតាមកោះនានានឹងញ័ររន្ធត់ នៅពេលឮដំណឹងថា សត្រូវវាយយកអ្នកបាន ហើយឮសម្រែកថ្ងូររបស់អ្នករបួស និងការសម្លាប់រង្គាលនៅក្នុងអ្នក។
16. ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។
17. ពួកគេស្មូត្រទំនួញមួយបទស្រណោះអ្នក ដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជម្រករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើឲ្យជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះ ម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។
18. នៅថ្ងៃដែលខ្មាំងវាយយកអ្នកបាន ប្រជាជននៅតាមកោះភ័យញាប់ញ័រ ប្រជាជននៅតាមឆ្នេរសមុទ្ររន្ធត់ចិត្ត ព្រោះឃើញអ្នកវិនាសបាត់បង់»។