1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
2. «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូសាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំងឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រាអែល!
3. ចូរប្រាប់ទឹកដីអ៊ីស្រាអែលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដកដាវចេញពីស្រោមប្រហារជីវិតប្រជាជនរបស់អ្នក ទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។
4. ដាវរបស់យើងនឹងចេញពីស្រោមប្រហារជីវិតមនុស្សលោកទាំងអស់ តាំងពីទិសខាងត្បូងរហូតដល់ទិសខាងជើង ដ្បិតយើងចង់ដកជីវិតទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។
5. ពេលនោះ មនុស្សលោកទាំងអស់នឹងទទួលស្គាល់ថា គឺយើងជាព្រះអម្ចាស់ ដែលបានដកដាវចេញពីស្រោម ហើយដាវនេះនឹងមិនចូលទៅក្នុងស្រោមវិញឡើយ។