16. យើងធ្វើដូច្នេះ មកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមច្បាប់របស់យើង ព្រមទាំងរំលោភលើថ្ងៃសប្ប័ទរបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។
17. ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកម្ទេច និងប្រល័យជីវិតពួកគេ ឲ្យវិនាសសូន្យនៅវាលរហោស្ថានទេ។
18. យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។
19. យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរធ្វើតាមច្បាប់ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។
20. ចូរចាត់ទុកថ្ងៃសប្ប័ទ*របស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃសប្ប័ទនេះជាទីសម្គាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។