14. ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
15. នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
16. យើងធ្វើដូច្នេះ មកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមច្បាប់របស់យើង ព្រមទាំងរំលោភលើថ្ងៃសប្ប័ទរបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។
17. ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកម្ទេច និងប្រល័យជីវិតពួកគេ ឲ្យវិនាសសូន្យនៅវាលរហោស្ថានទេ។
18. យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។
19. យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរធ្វើតាមច្បាប់ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។
20. ចូរចាត់ទុកថ្ងៃសប្ប័ទ*របស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃសប្ប័ទនេះជាទីសម្គាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
21. ប៉ុន្តែ អ្នកទាំងនោះបានបះបោរប្រឆាំងនឹងយើងដែរ។ ពួកគេពុំធ្វើតាមច្បាប់របស់យើងទេ ពួកគេក៏ពុំបានគោរព និងប្រតិបត្តិតាមវិន័យរបស់យើង ដើម្បីឲ្យមានជីវិតដែរ។ ពួកគេរំលោភលើថ្ងៃសប្ប័ទរបស់យើង។ យើងមានបំណងដាក់ទោសពួកគេនៅវាលរហោស្ថាន តាមកំហឹងរបស់យើងទាល់តែអស់ចិត្ត។
22. ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
23. នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកំចាត់កំចាយពួកគេឲ្យទៅរស់នៅតាមស្រុកនានាទៀតផង
24. ព្រោះពួកគេពុំបានធ្វើតាមបង្គាប់វិន័យរបស់យើង ហើយបោះបង់ចោលច្បាប់ និងរំលោភលើថ្ងៃសប្ប័ទរបស់យើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ដូនតាខ្លួន។
25. ហេតុនេះ យើងក៏ប្រគល់ច្បាប់មិនល្អដល់ពួកគេ ហើយឲ្យពួកគេធ្វើតាមវិន័យ ដែលពុំផ្ដល់ឲ្យពួកគេមានជីវិត។