អេសេ‌គាល 20:1-7 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​មក​សួរ​ព្រះ‌អម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។

2. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

3. «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​ទស្សន៍‌ទាយ​ឲ្យ​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​នឹង​មិន​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត” - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

4. កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ពួក​គេ ចូរ​វិនិច្ឆ័យ​ពួក​គេ​ទៅ! ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​នូវ​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ដូនតា​របស់​ពួក​គេ​បាន​ប្រព្រឹត្ត។

5. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: នៅ​ថ្ងៃ​យើង​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ព្រម​ទាំង​សម្តែង​ឲ្យ​ពួក​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប។ យើង​បាន​លើក​ដៃ​សច្ចា​ថា “យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។

6. នៅ​ថ្ងៃ​នោះ យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ឆ្ពោះ​ទៅ​កាន់​ស្រុក​មួយ ដែល​យើង​ជ្រើស​រើស​សម្រាប់​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។

7. យើង​បាន​ប្រាប់​ពួក​គេ​ថា “ម្នាក់ៗ​ត្រូវ​បោះ​បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់‌ទាញ​ចិត្ត​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​អេស៊ីប​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។

អេសេ‌គាល 20