1. នៅឆ្នាំទីប្រាំពីរ ថ្ងៃទីដប់នៃខែទីប្រាំ មានអ្នកខ្លះក្នុងចំណោមព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល នាំគ្នាមកសួរព្រះអម្ចាស់ ពួកគេអង្គុយនៅមុខខ្ញុំ។
2. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
3. «កូនមនុស្សអើយ ចូរប្រាប់ព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងទស្សន៍ទាយឲ្យឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាព្រះដែលមានជីវិតគង់នៅ យើងនឹងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
4. កូនមនុស្សអើយ ចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេឲ្យដឹងនូវអំពើគួរស្អប់ខ្ពើម ដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។
5. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រាអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់លោកយ៉ាកុប ព្រមទាំងសម្តែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។