3. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: មានសត្វឥន្ទ្រីមួយយ៉ាងធំ ផ្ទាំងស្លាបវាវែង ស្លាបវាក្រាស់ ហើយចំរុះពណ៌។ ឥន្ទ្រីនោះហើរទៅដល់ភ្នំលីបង់ រួចកាច់ចុងតាត្រៅ។
4. ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរ ដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។
5. បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។
6. គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំងបាយជូរបែកមែកសាខា វារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី រីឯឫសស្ថិតនៅពីក្រោមវា។ ដើមទំពាំងបាយជូរនោះលូតលាស់ ចេញពន្លក បង្កើតមែកធាង។
7. បន្ទាប់មក មានឥន្ទ្រីដ៏ធំមួយទៀតដែលមានផ្ទាំងស្លាបវែង និងមានស្លាបក្រាស់។ ទំពាំងបាយជូរលូតផុតពីដី ហើយបែរទាំងឫស ទាំងមែកទៅរកឥន្ទ្រីថ្មី ដើម្បីទទួលទឹកពីឥន្ទ្រីនោះ។