9. យើងបានយកទឹកមកលាងនាង ហើយជម្រះឈាមដែលប្រឡាក់រូបកាយនាង រួចចាក់ប្រេងក្រអូបលាបនាងទៀតផង។
10. យើងបានឲ្យសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកនាង យើងយកស្បែកជើងដ៏ល្អវិសេសមកពាក់ឲ្យនាង ហើយក៏យកស្បៃដ៏ល្អប្រណីត និងអាវធំធ្វើពីសូត្រមកពាក់ឲ្យនាងដែរ។
11. យើងយកគ្រឿងអលង្ការមកពាក់ឲ្យនាង គឺមានខ្សែដៃ ខ្សែក
12. ក្រវិលទំហូ និងមកុដដ៏ភ្លឺផ្លេក។
13. នាងពាក់សុទ្ធតែមាស និងប្រាក់ ស្លៀកសម្លៀកបំពាក់ដ៏ល្អប្រណីត ធ្វើអំពីសូត្រ និងក្រណាត់ប៉ាក់ដ៏មានតម្លៃ។ នាងបរិភោគសុទ្ធតែម្ហូបអាហារឆ្ងាញ់ពិសេស គឺម្ហូបធ្វើពីម្សៅម៉ដ្ដ ទឹកឃ្មុំ និងប្រេងដ៏មានតម្លៃ។ នាងមានរូបឆោមលោមពណ៌កាន់តែស្អាតឡើងៗ ហើយទទួលឋានៈជាព្រះមហាក្សត្រិយានី។
14. កេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទឺសុសសាយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រោះនាងមានសម្ផស្សល្អឥតខ្ចោះ និងតែងខ្លួនដោយគ្រឿងអលង្ការដែលយើងប្រគល់ឲ្យ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
15. ប៉ុន្តែ នាងអួតអាងលើរូបសម្បត្តិ និងកេរ្តិ៍ឈ្មោះ ហើយក្លាយទៅជាស្រីពេស្យា ដោយប្រគល់ខ្លួនឲ្យអស់អ្នកដែលដើរកាត់មុខនាង។
16. នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចំរុះពណ៌ ទៅតាក់តែងទីសក្ការៈនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។
17. នាងយកគ្រឿងអលង្ការមាសប្រាក់ដែលយើងឲ្យ ទៅសូនធ្វើជារូបបដិមាប្រុសៗ រួចប្រព្រឹត្តអំពើពេស្យាចារជាមួយរូបទាំងនោះ។
18. នាងយកអាវប៉ាក់របស់នាងទៅដណ្ដប់រូបទាំងនោះ ព្រមទាំងយកប្រេង និងគ្រឿងក្រអូបរបស់យើង ទៅលាបឲ្យផង។
19. រីឯអាហារ ម្សៅដ៏ម៉ដ្ដ ប្រេង និងទឹកឃ្មុំ ដែលយើងចែកឲ្យនាងបរិភោគ នាងបែរជាយកទៅធ្វើជាគ្រឿងសក្ការបូជាផ្គាប់ចិត្តរូបទាំងនោះទៅវិញ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
20. នាងពុំស្កប់ចិត្តនឹងអំពើពេស្យាចារទេ គឺនាងបានយកកូនប្រុសកូនស្រីដែលនាងបានបង្កើតឲ្យយើង ទៅធ្វើយញ្ញបូជាដល់រូបទាំងនោះទៀតផង!
21. នាងបានអារ-កកូនប្រុសរបស់យើង ហើយដុតថ្វាយរូបទាំងនោះ។
22. ក្នុងពេលនាងឈ្លក់នឹងអំពើពេស្យាចារដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ នាងពុំបាននឹកឃើញគ្រាដែលនាងនៅពីក្មេង គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយបម្រះនៅក្នុងថ្លុកឈាមនោះទេ។
23. នាងនឹងត្រូវវេទនា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត គឺនាងពិតជាត្រូវវេទនាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
24. នាងបានសង់ខ្ទម សម្រាប់ប្រព្រឹត្តអំពើពេស្យាចារគ្រប់ទីកន្លែង
25. គឺនាងសង់នៅគ្រប់ច្រកផ្លូវ ហើយប្រើសម្រស់របស់ខ្លួនប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ នាងប្រគល់ខ្លួនទៅឲ្យអស់អ្នកដើរកាត់តាមនោះ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។