7. ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណមនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
8. សូម្បីតែដើមស្រល់ និងដើមឈើធំៗនៅស្រុកលីបង់ក៏មានអំណរសប្បាយដោយឃើញអ្នកអស់ឫទ្ធិដែរគឺដើមឈើទាំងនោះនាំគ្នាពោលថា:“តាំងពីអ្នករលំមកគ្មាននរណាឡើងមកកាប់យើងទៀតទេ!”។
9. ស្ដេចកំណាចអើយ!ក្នុងស្ថានមច្ចុរាជ ក៏មានភាពជ្រួលជ្រើមរង់ចាំទទួលអ្នកដែរមច្ចុរាជដាស់វិញ្ញាណក្ខ័ន្ធអ្នកធំទាំងអស់គឺដាស់វិញ្ញាណក្ខ័ន្ធស្ដេចទាំងប៉ុន្មានរបស់ប្រជាជាតិនានាឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
10. វិញ្ញាណក្ខ័ន្ធទាំងនោះនឹងពោលមកកាន់អ្នកថា:“អុញ ព្រះករុណាអស់ឫទ្ធិដូចយើងដែរតើ!គឺមិនខុសពីយើងទេ!។
11. ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុងស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផងដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។
12. ឱផ្កាយព្រឹកដ៏ភ្លឺអើយម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ?អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយម្ដេចអ្នកដួលដល់ដីយ៉ាងនេះ?
13. អ្នកតែងតែពោលថា:“យើងនឹងឡើងទៅលើមេឃ ហើយលើកបល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយរបស់ព្រះជាម្ចាស់ទៅទៀត។យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុតជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។
14. យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀតយើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត”។
15. ឥឡូវនេះ អ្នកបែរជាធ្លាក់ចុះមកដល់ស្ថានមច្ចុរាជ គឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញ។
16. អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើលដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា:“អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដីនិងរំលំអាណាចក្រទាំងឡាយ
17. ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ និងកម្ទេចទីក្រុងនានាហើយមិនដែលដោះលែងឈ្លើយសឹកទាល់តែសោះនុ៎ះ?”។
18. ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាកយ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។
19. ចំពោះអ្នកវិញគេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរគួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោលឬដូចសាកសពដែលគេដើរជាន់។មានសាកសពរបស់អស់អ្នកដែលគេសម្លាប់ដោយមុខដាវនៅគរពីលើអ្នកហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ទៅលើថ្មនៅបាតរណ្ដៅ។
20. អ្នកពុំបានសម្រាកនៅក្នុងផ្នូរជាមួយស្ដេចឯទៀតៗទេព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នកនិងសម្លាប់ប្រជារាស្ត្ររបស់អ្នក។ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះពូជដ៏កំណាចរបស់អ្នកទៀតហើយ។
21. ព្រោះតែកំហុសរបស់ឪពុកចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗរបស់គេចោលទៅក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដីហើយសង់ក្រុងពាសពេញលើពិភពលោក។
22. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
23. យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
24. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដាច់អហង្ការថា៖“យើងបានគ្រោងទុកយ៉ាងណាយើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរយើងបានសម្រេចយ៉ាងណាហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។