5. តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូន ដូចឪពុកទូន្មានកូនដែរ គឺថា: «កូនអើយ មិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ
6. ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។
7. បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ?
8. ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លា មិនមែនជាកូនពេញច្បាប់ឡើយ។
9. ឪពុករបស់យើងផ្នែកខាងសាច់ឈាម ធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯព្រះបិតាជាម្ចាស់លើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។
10. ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានវិសុទ្ធ* រួមជាមួយព្រះអង្គដែរ។
11. ការវាយប្រដៅតែងតែធ្វើឲ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឲ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត*ទុកជាផល។
12. ហេតុនេះ«ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះ ឲ្យរឹងប៉ឹងឡើងដែរ»។
13. ត្រូវរៀបចំផ្លូវឲ្យបានត្រង់ដើម្បីស្រួលដើរ កុំឲ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឲ្យគេបានជាវិញប្រសើរជាង។
14. ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានវិសុទ្ធ*ទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់បានឡើយ។
15. ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្តគំនិតបងប្អូនជាច្រើននោះឡើយ។