ហេប្រឺ 11:6-10 Khmer Standard Version (KHSV)

6. បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់​ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ‌ជាម្ចាស់​មែន ហើយ​ជឿ​ថា​ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។

7. ដោយ‌សារ​ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះ‌ជាម្ចាស់​អំពី​ហេតុ‌ការណ៍ ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយ‌សារ​ជំនឿ លោក​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។

8. ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។

9. ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។

10. លោក​អប្រាហាំ​ទន្ទឹង​រង់‌ចាំ​ទទួល​ក្រុង​មួយ​ដែល​នឹង​មាន​គ្រឹះ​រឹង‌មាំ‌មួន ជា​ក្រុង​ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​គម្រោង និង​សង់​ឡើង។

ហេប្រឺ 11