27. ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្តរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។
28. ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលបានឡើយ។
29. ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។
30. ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។
31. ដោយសារជំនឿ នាងរ៉ាហាប ជាស្ត្រីពេស្យា ពុំបានវិនាសអន្តរាយជាមួយពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32. តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទេ។
33. ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឲ្យ បានបិទមាត់សិង្ហ
34. បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
35. ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។
36. អ្នកខ្លះទៀតសុខចិត្តឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
37. អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណារ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។
38. លោកីយ៍ពុំស័ក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។
39. ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។
40. ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះឲ្យបានគ្រប់លក្ខណៈមុនយើងឡើយ។