16. ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។
17. ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។
18. ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។
19. ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
20. ព្រះអង្គបានធ្វើឲ្យទឹកផុសចេញពីទីជម្រៅ និងឲ្យពពកបង្អុរភ្លៀងចុះមក ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ។
21. កូនអើយ ចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច កុំធ្វេសប្រហែសឡើយ
22. ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណាផ្ដល់ឲ្យកូនមានជីវិត មានកិរិយាមារយាទថ្លៃថ្នូរ។
23. ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើឲ្យកូនជំពប់ដួលបានឡើយ។
24. កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។
25. កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ
26. ដ្បិតព្រះអម្ចាស់នឹងការពារកូន ព្រះអង្គមិនបណ្ដោយឲ្យកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។
27. មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។