សុភាសិត 24:9-17 Khmer Standard Version (KHSV)

9. មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡក‌ឡឺយ​តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។

10. បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។

11. ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។

12. បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះ‌អង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះ‌អង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

13. កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រស‌ជាតិ​ឆ្ងាញ់ ហើយ​ផ្អែម​ជាប់​មាត់។

14. រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។

15. កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ

16. ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។

17. ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ

សុភាសិត 24