15. អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
16. ស្ត្រីរូបស្អាតតែងតែមានគេសរសើរ រីឯមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។
17. អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល រីឯមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
18. មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។
19. សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត រីឯអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។
20. ព្រះអម្ចាស់ស្អប់មនុស្សវៀចវេរ តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។
21. មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
22. ស្ត្រីមានរូបស្អាតតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។
23. មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ រីឯសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។
24. មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។