5. នៅតាមទីធ្លាក្រុងក៏មានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។
6. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: នៅគ្រានោះ ប្រជាជនដែលនៅសេសសល់យល់ថា ហេតុការណ៍នេះដូចជាអស្ចារ្យពេក ក៏ប៉ុន្តែ យើងយល់ថាមិនមែនជាការអស្ចារ្យពេកទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
7. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។
8. យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត។
9. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ចូរមានចិត្តក្លាហានឡើង អ្នករាល់គ្នាឮសេចក្ដីផ្សេងៗដែលព្យាការីប្រកាសប្រាប់ក្នុងនាមយើង នៅគ្រាដែលគេចាក់គ្រឹះសង់ដំណាក់របស់យើង ជាព្រះអម្ចាស់នៃពិភពទាំងមូល។
10. កាលពីមុន គ្មាននរណាឲ្យថ្លៃឈ្នួលមនុស្ស ឬសត្វដែលបំពេញការងារទេ ហើយព្រោះតែខ្មាំងសត្រូវក៏គ្មាននរណាធ្វើដំណើរដោយសុខសាន្តដែរ ដ្បិតយើងបានបណ្ដោយឲ្យមនុស្សទាំងអស់ប្រហារគ្នាទៅវិញទៅមក។
11. ប៉ុន្តែ ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះប្រជាជនដែលនៅសេសសល់ ដូចយើងធ្លាប់ប្រព្រឹត្តពីអតីតកាលឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។