13. ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្ត និងសម្រាលទុក្ខទេវតា*ដែលនិយាយជាមួយខ្ញុំ។
14. ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់
15. តែយើងក្រេវក្រោធយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។
16. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
17. ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។