8. វាមានសក់វែងដូចសក់ស្ត្រី ហើយមានធ្មេញដូចធ្មេញសិង្ហ។
9. វាមានគ្រឿងក្រោះដូចអាវក្រោះធ្វើពីដែក។ ពេលវាហើរ ស្នូរស្លាបរបស់វាលាន់ឮសន្ធឹក ដូចរទេះទឹមដោយសេះជាច្រើនបោលទៅធ្វើសឹកសង្គ្រាម។
10. កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងឲ្យមនុស្សម្នាឈឺចុកចាប់ អស់រយៈពេលប្រាំខែ។
11. កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។
12. លុះទុក្ខវេទនាទីមួយបានកន្លងផុតទៅ ទុក្ខវេទនាពីរទៀតក៏កើតមកតាមក្រោយ។
13. ទេវតាទីប្រាំមួយផ្លុំត្រែឡើង ខ្ញុំក៏បានឮសំឡេងមួយចេញពីស្នែងនៅជ្រុងទាំងបួនរបស់អាសនៈមាស ដែលស្ថិតនៅខាងមុខព្រះជាម្ចាស់។
14. សំឡេងនោះ ពោលមកកាន់ទេវតាទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។