វិវរណៈ 19:11-19 Khmer Standard Version (KHSV)

11. បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ទ្រង់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។

12. ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះ‌អង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ

13. ព្រះ‌អង្គ​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់»។

14. កង‌ទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ ស មក​តាម​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ*។

15. មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយព្រះ‌អង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះ‌អង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។

16. នៅ​លើ​ព្រះ‌ភូសា និង​លើ​ភ្លៅ​របស់​ព្រះ‌អង្គ មាន​សរសេរ​ព្រះ‌នាម​ថា «ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា និង​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។

17. ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ឈរ​នៅ​ក្នុង​ព្រះ‌អាទិត្យ។ ទេវតា​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាស‌វេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដ៏​មហោ‌ឡារិក​របស់​ព្រះ‌ជា‌ម្ចាស់

18. ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេ‌ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។

19. ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន និង​ពួក​ស្ដេច​នានា​នៅ​លើ​ផែន‌ដី ព្រម​ទាំង​កង‌ទ័ព​របស់​គេ ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​សេះ និង​កង‌ទ័ព​របស់​ព្រះ‌អង្គ។

វិវរណៈ 19