7. លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោន ក្រុមព្រឹទ្ធាចារ្យនៃរាជវាំង និងចាស់ទុំទាំងប៉ុន្មាននៅស្រុកអេស៊ីប ហែហមទៅជាមួយផង។
8. ក្រុមគ្រួសាររបស់លោកយ៉ូសែបទាំងមូល បងប្អូន និងញាតិសន្ដានឪពុករបស់លោកទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។
9. មានរទេះ មានទ័ពសេះ ធ្វើដំណើរទៅជាមួយលោកយ៉ូសែបដែរ ធ្វើឲ្យក្បួនដង្ហែសពនោះអធិកអធមក្រៃលែង។
10. លុះមកដល់កន្លែងមួយឈ្មោះអថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ លោកយ៉ូសែបរំឭកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
11. ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម”។
12. កូនៗរបស់លោកយ៉ាកុបនាំគ្នាធ្វើតាមបណ្ដាំរបស់ឪពុក
13. គឺគេបានយកសពលោកទៅស្រុកកាណាន រួចបញ្ចុះក្នុងគុហានៅចម្ការម៉ាកពេឡា ជាចម្ការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសព នៅជិតម៉ាមរ៉េ។
14. ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបវិលត្រឡប់ទៅស្រុកអេស៊ីបវិញជាមួយបងប្អូន និងអស់អ្នកដែលបានធ្វើដំណើរទៅបញ្ចុះសពឪពុកលោក។
15. កាលបងៗរបស់លោកយ៉ូសែបឃើញឪពុករបស់គេទទួលមរណភាពហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបស្អប់យើង ព្រមទាំងសងសឹកនឹងអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តចំពោះគេហើយមើលទៅ!»។
16. ដូច្នេះ បងប្អូនបានឲ្យគេជម្រាបលោកយ៉ូសែបដូចតទៅ៖ «មុននឹងទទួលមរណភាព ឪពុកយើងបានផ្ដាំថា:
17. ចូរកូនៗប្រាប់យ៉ូសែបថា “កូនអើយ ចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន” តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលពុកគោរពនោះផងទៅ!»។ លោកយ៉ូសែបឮដូច្នេះ លោកក៏យំ។