លោកុ‌ប្បត្តិ 44:18-23 Khmer Standard Version (KHSV)

18. ពេល​នោះ លោក​យូដា​ខិត​ចូល​ទៅ​ជិត​លោក​យ៉ូសែប​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ប្រោស‌ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជម្រាប​ជូន​លោក​ម្ចាស់​ស្ដាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​មាន​អំណាច​ស្មើ​នឹង​ព្រះចៅ​ផារ៉ោន​ដែរ។

19. លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ថា “អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ”

20. យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា “យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្ដាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់”។

21. លោក​ម្ចាស់​បាន​ប្រាប់​យើង​ខ្ញុំ​ថា “ចូរ​នាំ​វា​មក​ឲ្យ​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង!”។

22. យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណ‌ភាព​មិន​ខាន”។

23. លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ទៀត​ថា “បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​មក​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​បាន​ទៀត​ឡើយ”។

លោកុ‌ប្បត្តិ 44