14. លោកយ៉ូសែបមានប្រសាសន៍ថា៖ «ឃើញទេ ពិតដូចពាក្យខ្ញុំថាមែន គឺឯងរាល់គ្នាជាអ្នកស៊ើបការណ៍!
15. ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ!
16. ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នាត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថាពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការណ៍មែន។ សូមព្រះចៅផារ៉ោនធ្វើជាសាក្សី!»។
17. បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគេឃុំឃាំងបងៗ អស់រយៈពេលបីថ្ងៃ។
18. នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ បើពួកឯងចង់បានរួចជីវិត ត្រូវធ្វើដូចតទៅ:
19. ប្រសិនបើឯងរាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកនរណាម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យជាប់ឃុំឃាំងនៅទីនេះសិន រីឯអ្នកឯទៀតៗត្រូវវិលត្រឡប់ទៅស្រុកវិញ ដោយយកស្បៀងអាហារទៅឲ្យក្រុមគ្រួសារ ដែលកំពុងតែអត់ឃ្លាននោះចុះ។
20. បន្ទាប់មក ត្រូវនាំប្អូនរបស់ឯងរាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលឯងរាល់គ្នានិយាយ។ ដូច្នេះ ឯងរាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។
21. គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្ដាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។
22. លោករូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នាហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្ដាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។