11. ពេលនោះ លោកយូដាពោលទៅកាន់នាងតាម៉ារជាកូនប្រសាថា៖ «ចូរកូននៅជាស្ត្រីមេម៉ាយ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យ»។ គាត់គិតថា «សូមកុំឲ្យកូនមួយនេះស្លាប់ដូចបងៗវាឡើយ»។ នាងតាម៉ារក៏ទៅរស់នៅផ្ទះឪពុកនាង។
12. យូរថ្ងៃក្រោយមក ភរិយារបស់លោកយូដា គឺកូនស្រីរបស់លោកស៊ូអា បានទទួលមរណភាព។ កាលលោកយូដាបានធូរស្បើយពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណាជាមួយលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាម មិត្តរបស់គាត់ ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។
13. មានគេមកប្រាប់នាងតាម៉ារថា៖ «ឪពុកក្មេករបស់នាងឡើងទៅកាត់រោមចៀមនៅធីមណា»។
14. ឮដូច្នេះ នាងតាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ នាងធ្វើដូច្នេះមកពីនាងឃើញថា សេឡាធំពេញវ័យហើយ តែលោកយូដាពុំបានយកនាងទៅឲ្យធ្វើជាភរិយាឡើយ។
15. កាលលោកយូដាឃើញនាង គាត់ស្មានថាជាស្ត្រីពេស្យា ដ្បិតនាងមានស្បៃបាំងមុខ។
16. គាត់ចូលទៅជិតនាង ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថាជាកូនប្រសារបស់គាត់ទេ។ នាងតបថា៖ «បើខ្ញុំទៅជាមួយលោក តើលោកឲ្យអ្វីខ្ញុំ?»។