2. នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។
3. លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។
4. ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។
5. យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។
6. គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ
7. គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។
8. បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។
9. ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។