1. ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយថ្វាយព្រះជាម្ចាស់ ដែលបានយាងមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។
2. លោកយ៉ាកុបមានប្រសាសន៍ទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មាន ដែលអ្នករាល់គ្នាមានបោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* ហើយផ្លាស់សម្លៀកបំពាក់ទៅ។
3. យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយព្រះអង្គក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរដែរ»។
4. គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនលោកយ៉ាកុប។ លោកយ៉ាកុបក៏យករបស់ទាំងនោះទៅកប់ក្រោមដើមពោធិ នៅជិតក្រុងស៊ីគែម។
5. បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។
6. លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយ បានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។
7. លោកបានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “ព្រះនៃបេតអែល” ព្រោះនៅកន្លែងនោះហើយដែលព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។
8. នៅគ្រានោះ លោកស្រីដេបូរ៉ា ដែលត្រូវជាមេដោះរបស់លោកស្រីរេបិកា បានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅជើងភ្នំបេតអែលនោះ ក្រោមដើមជ្រៃមួយ ដែលគេហៅថា “ដើមជ្រៃទឹកភ្នែក”។
9. ក្រោយពេលដែលលោកយ៉ាកុបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ព្រះជាម្ចាស់បានយាងមកឲ្យលោកឃើញសាជាថ្មី ហើយព្រះអង្គប្រទានពរលោក។
10. ព្រះអង្គមានព្រះបន្ទូលថា៖«អ្នកឈ្មោះយ៉ាកុបតែគេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយគឺអ្នកនឹងមានឈ្មោះថាអ៊ីស្រាអែលវិញ»។ដូច្នេះ ព្រះអង្គក៏ដាក់ឈ្មោះលោកថាអ៊ីស្រាអែល។
11. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖«យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតចូរអ្នកបង្កើតកូនចៅឲ្យបានចំនួនកើនឡើងជាច្រើន។ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀតនឹងកើតចេញពីអ្នកហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពីពូជពង្សរបស់អ្នកដែរ។
12. រីឯស្រុកដែលយើងបានប្រគល់ឲ្យអប្រាហាំ និងអ៊ីសាកនោះយើងក៏នឹងប្រគល់ឲ្យអ្នក និងពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ»។
13. បន្ទាប់មក ព្រះជាម្ចាស់យាងចាកចេញពីកន្លែង ដែលព្រះអង្គមានព្រះបន្ទូលជាមួយលោកយ៉ាកុបនោះ ឡើងទៅវិញ។
14. លោកយ៉ាកុបបានបញ្ឈរថ្មមួយជាស្តូប នៅត្រង់កន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោក ហើយលោកក៏បានច្រួចស្រាទំពាំងបាយជូរ និងចាក់ប្រេងពីលើថ្មនោះទុកជាទីសក្ការៈ។
15. លោកយ៉ាកុបបានដាក់ឈ្មោះកន្លែង ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោកនោះថា «បេតអែល»។
16. លោកយ៉ាកុបបាននាំក្រុមគ្រួសាររបស់លោកចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា លោកស្រីរ៉ាជែលបានសម្រាលកូនយ៉ាងសែនលំបាក
17. ពេលគាត់កំពុងតែសម្រាលកូនយ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។
18. លោកស្រីរ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្ដាំ”។