លោកុ‌ប្បត្តិ 34:8-27 Khmer Standard Version (KHSV)

8. លោក​ហា‌ម៉ោរ​បាន​និយាយ​ទៅ​កាន់​លោក​យ៉ាកុប និង​កូន​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ស្រឡាញ់​នាង​ក្រមុំ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ សូម​មេត្តា​លើក​នាង​មក​ឲ្យ​វា​ធ្វើ​ជា​ភរិយា​ទៅ។

9. សូម​បង‌ប្អូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​យើង​ខ្ញុំ ដោយ‌សារ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​បង‌ប្អូន​លើក​កូន​ចៅ​ស្រីៗ​មក​ឲ្យ​យើង​ខ្ញុំ ហើយ​បង‌ប្អូន​ក៏​យក​កូន​ចៅ​ស្រីៗ​របស់​យើង​ខ្ញុំ​វិញ​ដែរ។

10. បង‌ប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បង‌ប្អូន ដូច្នេះ សូម​បង‌ប្អូន​តាំង​ទី​លំ‌នៅ​រក​ស៊ី និង​ទិញ​ដី‌ធ្លី នៅ​ស្រុក​នេះ​ហើយ»។

11. ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​នាង​ឌីណា​ថា៖ «សូម​មេត្តា​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​ឲ្យ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់។

12. សូម​បង្គាប់​ខ្ញុំ​បាទ​ឲ្យ​ជូន​បណ្ដា​ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។

13. ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​នាង​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ឆ្លើយ​ទៅ​ស៊ីគែម និង​លោក​ហា‌ម៉ោរ ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖

14. «យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​ឲ្យ​បុរស​ណា ដែល​មិន​កាត់​ស្បែក*​បាន​ឡើយ ធ្វើ​ដូច្នេះ នឹង​នាំ​ឲ្យ​យើង​បាក់​មុខ​ជា​មិន​ខាន។

15. យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​លោក​សុខ​ចិត្ត​កាត់​ស្បែក​ដូច​យើង គឺ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​លោក។

16. ធ្វើ​ដូច្នោះ ទើប​យើង​លើក​កូន​ស្រីៗ​របស់​យើង​ឲ្យ​ពួក​លោក ហើយ​យើង​ក៏​នឹង​ដណ្ដឹង​កូន​ស្រី​របស់​ពួក​លោក​ដែរ យើង​នឹង​រស់​នៅ​ជា​មួយ​ពួក​លោក ហើយ​យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ជា​សាសន៍​តែ​មួយ។

17. ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មិន​ព្រម​កាត់​ស្បែក​ដូច​យើង​ទេ​នោះ យើង​នឹង​យក​កូន​ស្រី​របស់​យើង​វិញ ហើយ​ចាក​ចេញ​ពី​ទី​នេះ​ទៅ»។

18. លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន ក៏​យល់​ស្រប​តាម​ពាក្យ​ស្នើ​នេះ។

19. អ្នក​កំលោះ​នោះ​មិន​បង្អែ‌បង្អង់​នឹង​ធ្វើ​តាម​ឡើយ ព្រោះ​គាត់​ស្រឡាញ់​កូន​ស្រី​របស់​លោក​យ៉ាកុប​ជា​ខ្លាំង។ ក្នុង​គ្រួសារ​របស់​លោក​ហា‌ម៉ោរ គេ​គោរព​ស៊ីគែម​ជាង​គេ។

20. លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖

21. «អ្នក​ទាំង​នោះ​ចង់​បាន​សុខ​ជា​មួយ​យើង ដូច្នេះ ទុក​ឲ្យ​ពួក​គេ​រស់​នៅ និង​រក​ស៊ី​ជា​មួយ​យើង ហើយ​បើក​ចំហ​ស្រុក​យើង​ឲ្យ​គេ​ចូល​មក​ចុះ។ យើង​នាំ​គ្នា​ដណ្ដឹង​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​របស់​យើង​ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​ដែរ។

22. ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​យើង​កាត់​ស្បែក​ដូច​ពួក​គេ​ដែរ។

23. បើ​យើង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ស្នើ​របស់​គេ គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង ហើយ​ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ និង​សត្វ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​មិន​ខាន»។

24. មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្ដាប់​លោក​ហា‌ម៉ោរ និង​ស៊ីគែម កូន​របស់​គាត់ នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្ដាប់​នៅ​មាត់​ទ្វារ​ក្រុង បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា។

25. នៅ​ថ្ងៃ​ទី​បី ពេល​ប្រុសៗ​ក្រុង​នោះ​កំពុង​តែ​ឈឺ កូន​ប្រុស​ពីរ​នាក់​របស់​លោក​យ៉ាកុប គឺ​លោក​ស៊ីម្មាន និង​លោក​លេវី ដែល​ត្រូវ​ជា​បង​របស់​នាង​ឌីណា បាន​នាំ​គ្នា​កាន់​ដាវ​ចូល​ទៅ​ក្នុង​ទីក្រុង។ អ្នក​ក្រុង​ពុំ​បាន​គិត​ខ្វល់​ខ្វាយ​អ្វី​សោះ​ឡើយ។ អ្នក​ទាំង​ពីរ​ក៏​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់​នៅ​ក្រុង​នោះ

26. គេ​ក៏​បាន​ប្រហារ​ជីវិត​លោក​ហា‌ម៉ោរ និង​ស៊ីគែម ជា​កូន​ដោយ​មុខ​ដាវ​ដែរ រួច​ហើយ​គេ​ក៏​យក​នាង​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម។

27. កូន​ប្រុស​លោក​យ៉ាកុប​ឯ​ទៀតៗ​បាន​រឹប​អូស​យក​របស់​របរ​លើ​សាក‌សព ហើយ​ប្រមូល​យក​អ្វីៗ​ទាំង​អស់​នៅ​ទីក្រុង​ផង ដ្បិត​អ្នក​ក្រុង​នោះ​បាន​ធ្វើ​ឲ្យ​នាង​ឌីណា ជា​ប្អូន​ស្រី​របស់​ពួក​គេ បាត់​បង់​កិត្តិយស។

លោកុ‌ប្បត្តិ 34