25. កាលបុរសនោះឃើញថាពុំអាចឈ្នះលោកយ៉ាកុបបាន ក៏វាយលោកចំចង្កេះ។ លោកយ៉ាកុបក៏ថ្លោះចង្កេះ នៅពេលបោកចំបាប់គ្នានោះ។
26. បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ លោកតបវិញថា៖ «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
27. បុរសនោះសួរលោកថា៖ «អ្នកឈ្មោះអី?»។ លោកឆ្លើយថា៖ «ខ្ញុំឈ្មោះយ៉ាកុប»។
28. បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
29. លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។