6. លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់ព្រះសណ្ដាប់ឮពាក្យខ្ញុំ និងប្រទានឲ្យខ្ញុំមានកូនប្រុសមួយ» ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា“ដាន់”។
7. នាងប៊ីលហាជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានផ្ទៃពោះសាជាថ្មី នាងសម្រាលបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
8. លោកស្រីរ៉ាជែលពោលថា៖ «ព្រះជាម្ចាស់បានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។
9. កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
10. នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយជូនលោកយ៉ាកុប។
11. លោកស្រីលេអាពោលថា៖ «មានសំណាងហើយ!» នាងដាក់ឈ្មោះកូននោះថា“កាដ”។
12. នាងស៊ីលផាជាស្រីបម្រើរបស់លោកស្រីលេអា បង្កើតបានកូនប្រុសមួយទៀតជូនលោកយ៉ាកុប។
13. លោកស្រីលេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា “អេស៊ើរ”។
14. ថ្ងៃមួយ នៅរដូវចម្រូតស្រូវសាលី រូបេនបានចេញទៅចម្ការ ហើយបេះបានផ្លែស្នេហ៍យកមកជូនម្ដាយ។ ពេលនោះ លោកស្រីរ៉ាជែលពោលទៅកាន់លោកស្រីលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងមកឲ្យខ្ញុំខ្លះមក»។
15. លោកស្រីលេអាតបថា៖ «ឯងយកប្ដីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
16. នៅពេលល្ងាចលោកយ៉ាកុបវិលត្រឡប់មកពីចម្ការវិញ លោកស្រីលេអាក៏រត់ទៅទទួល ហើយពោលថា៖ «យប់នេះ បងត្រូវសម្រាន្តជាមួយខ្ញុំ ដ្បិតខ្ញុំបានយកផ្លែស្នេហ៍របស់កូនខ្ញុំមកដូរជាថ្នូរហើយ»។ ដូច្នេះ លោកយ៉ាកុបក៏រួមដំណេកជាមួយគាត់នៅយប់នោះទៅ។
17. ព្រះជាម្ចាស់បានប្រោសប្រណីលោកស្រីលេអា គឺគាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយទៀត ជាកូនទីប្រាំជូនលោកយ៉ាកុប។
18. គាត់ពោលថា៖ «ព្រះជាម្ចាស់ប្រទានរង្វាន់ឲ្យខ្ញុំ ព្រោះខ្ញុំបានយកស្រីបម្រើមកជូនប្ដីខ្ញុំ»។ គាត់ដាក់ឈ្មោះកូននោះថា“អ៊ីសាខារ”។
19. លោកស្រីលេអាមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនប្រុសមួយទៀត ជាកូនទីប្រាំមួយ ជូនលោកយ៉ាកុប
20. លោកស្រីលេអាពោលថា៖ «ព្រះជាម្ចាស់ប្រទានអំណោយដ៏ល្អមួយមកឲ្យខ្ញុំ លើកនេះ ប្ដីរបស់ខ្ញុំមុខជាផ្ដល់កិត្តិយសឲ្យខ្ញុំមិនខាន ដ្បិតខ្ញុំបានបង្កើតកូនប្រុសប្រាំមួយនាក់ជូនគាត់»។ គាត់បានដាក់ឈ្មោះកូននោះថា“សាប់យូឡូន”។
21. បន្ទាប់មក គាត់សម្រាលបានកូនស្រីមួយ ដែលគាត់ដាក់ឈ្មោះថា «ឌីណា»។
22. ព្រះជាម្ចាស់មិនភ្លេចលោកស្រីរ៉ាជែលទេ ទ្រង់ព្រះសណ្ដាប់ពាក្យរបស់គាត់ ដោយប្រោសឲ្យគាត់មានកូន។