លោកុ‌ប្បត្តិ 30:21-32 Khmer Standard Version (KHSV)

21. បន្ទាប់​មក គាត់​សម្រាល​បាន​កូន​ស្រី​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «ឌីណា»។

22. ព្រះ‌ជាម្ចាស់​មិន​ភ្លេច​លោក​ស្រី​រ៉ាជែល​ទេ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។

23. គាត់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។

24. គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូសែប” ទាំង​ពោល​ថា៖ «សូម​ព្រះ‌ជាម្ចាស់​បន្ថែម​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»។

25. ក្រោយ​ពេល​លោក​ស្រី​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។

26. សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ជ្រាប​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។

27. លោក​ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ‌យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក។

28. ចូរ​ប្រាប់​ពុក​មក កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។

29. លោក​យ៉ាកុប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក​ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ

30. គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច‌បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្ដង»។

31. លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។

32. ថ្ងៃ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យ​មើល​ហ្វូង​សត្វ​ទាំង​មូល​របស់​លោក​ឪពុក ហើយ​ញែក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពព្លាក់ ពពាល និង​ចៀម​ទាំង​ប៉ុន្មាន​ដែល​មាន​សម្បុរ​ស្រអាប់ ចេញ​ពី​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ខ្ញុំ​ក៏​នឹង​ញែក​ពពែ​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពពាល និង​ពព្លាក់ ចេញ​ពី​ហ្វូង​ពពែ​របស់​លោក​ឪពុក​ដែរ។ ខ្ញុំ​សុំ​យក​សត្វ​ទាំង​នោះ​ទុក​ជា​ថ្លៃ​ឈ្នួល។

លោកុ‌ប្បត្តិ 30