45. ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។
46. នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្ដៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកថែមទៀត”។
47. ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់ឲ្យនាង។
48. បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំព្រះអម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលទ្រង់បានដឹកនាំខ្ញុំ ដោយព្រះហឫទ័យស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោក យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់លោក។