33. បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូននូវសេចក្ដី ដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
34. បុរសនោះក៏ពោលឡើងថា៖ «ខ្ញុំបាទជាអ្នកបម្រើរបស់លោកអប្រាហាំ។
35. ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
36. ក្នុងគ្រាដែលម្ចាស់របស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ លោកស្រីសារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនលោក គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីលោក។