2. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
3. លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។
4. លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។
5. លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។
6. លោកអប្រាហាំយកអុសសម្រាប់ធ្វើយញ្ញបូជាមកឲ្យអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និងកាំបិត ហើយទាំងឪពុកទាំងកូនដើរទៅជាមួយគ្នា។
7. ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។
8. លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុកទាំងកូនក៏ដើរទៅមុខជាមួយគ្នា។