6. ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។
7. គាត់ពោលទៀតថា៖ «តើនរណាអាចនឹកភ្នកនិយាយទៅលោកអប្រាហាំថា “ថ្ងៃមួយ អ្នកសារ៉ាត្រូវបំបៅកូន”? ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំបានបង្កើតកូនប្រុសមួយជូនលោក ក្នុងគ្រាដែលលោកមានវ័យចាស់ណាស់ទៅហើយ»។
8. លុះអ៊ីសាកបានធំបន្តិច ហើយត្រូវផ្ដាច់ដោះ លោកអប្រាហាំរៀបចំពិធីជប់លៀងមួយយ៉ាងធំ នៅថ្ងៃផ្ដាច់ដោះនោះ។
9. លោកស្រីសារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលនាងហាការ ស្ត្រីសាសន៍អេស៊ីប បង្កើតជូនលោកអប្រាហាំ កំពុងតែសើចលេង
10. គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្ដេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះទទួលមត៌ករួមជាមួយអ៊ីសាក កូនរបស់ខ្ញុំឡើយ»។
11. ពាក្យនេះធ្វើឲ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។
12. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែក្មេងនេះ ព្រមទាំងស្រីបម្រើរបស់អ្នកឡើយ។ ចូរប្រព្រឹត្តតាមពាក្យទាំងអស់ដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះទេ ដែលនឹងស្នងត្រកូលឲ្យអ្នក។
13. រីឯកូនប្រុសរបស់ស្រីបម្រើនោះវិញ យើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយ ដ្បិតវាក៏ជាពូជពង្សរបស់អ្នកដែរ»។
14. ស្អែកឡើងលោកអប្រាហាំក្រោកពីព្រលឹម យកស្បៀងអាហារ និងបំពង់ទឹក ប្រគល់ឲ្យនាងហាការ ដោយលើកដាក់លើ-កនាង។ លោកក៏ប្រគល់កូនទៅឲ្យនាង រួចប្រាប់នាងឲ្យចេញទៅ។ នាងហាការចាកចេញពីទីនោះ ហើយវិលវល់នៅក្នុងវាលរហោស្ថានជិតក្រុងបៀរសេបា។
15. ពេលអស់ទឹកពីបំពង់ហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ
16. រួចនាងទៅអង្គុយដាច់ឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ដ្បិតនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ឡែកពីកូន ហើយចាប់ផ្ដើមទ្រហោយំ។
17. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។