17. ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែករបស់ក្មេងនោះ ហើយទេវតារបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំព្រួយបារម្ភអ្វីឡើយ ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។
18. ចូរក្រោកឡើង ទៅយកកូនប្រុសនាង ហើយចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាប្រជាជាតិមួយដ៏ធំ»។
19. ព្រះជាម្ចាស់បានប្រោសឲ្យនាងឃើញអណ្ដូងមួយដែលមានទឹក នាងក៏ដាក់ទឹកពេញបំពង់ រួចយកទៅឲ្យកូនផឹក។
20. ព្រះជាម្ចាស់គង់ជាមួយក្មេងនោះ វាមានវ័យចម្រើនឡើង ហើយរស់នៅតាមវាលរហោស្ថាន និងពូកែបាញ់ធ្នូ។
21. អ៊ីស្មាអែលរស់នៅក្នុងវាលរហោស្ថានស្រុកប៉ារ៉ាន ហើយម្ដាយក៏ដណ្ដឹងកូនស្រីជាតិអេស៊ីបម្នាក់មកឲ្យធ្វើជាភរិយា។
22. នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិចយាងមកជួបលោកអប្រាហាំ ដោយមានលោកភីកុល ជាមេទ័ពរបស់ព្រះអង្គមកជាមួយដែរ។ ស្ដេចមានរាជឱង្ការទៅលោកដូចតទៅ៖ «ព្រះជាម្ចាស់គង់ជាមួយលោកក្នុងគ្រប់កិច្ចការដែលលោកធ្វើ។
23. ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។