7. បន្ទាប់មក លោករត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឲ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ ធ្វើម្ហូបជាបន្ទាន់។
8. លោកយកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនលោកផ្ទាល់ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។
9. បន្ទាប់មក បុរសទាំងបីពោលមកលោកថា៖ «នាងសារ៉ាភរិយារបស់លោកនៅឯណា?»។ លោកតបវិញថា៖ «នាងនៅក្នុងជំរំឯណោះ»។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ក្រោយខ្នងលោក នៅមាត់ទ្វារជំរំ។
11. លោកអប្រាហាំ និងលោកស្រីសារ៉ាមានវ័យចាស់ណាស់ទៅហើយ ហើយលោកស្រីសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។
12. គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតំរេកទៀតឬ? រីឯលោកម្ចាស់របស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។
13. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំថា៖ «ហេតុដូចម្ដេចបានជាសារ៉ាសើច ទាំងពោលថា “តើខ្ញុំដែលចាស់ណាស់ហើយ អាចនឹងមានកូនទៅកើតឬ?”
14. តើមានការអ្វីអស្ចារ្យពេកដែលព្រះអម្ចាស់ធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
15. លោកស្រីសារ៉ាបដិសេធថា៖ «ខ្ញុំម្ចាស់ពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
16. បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅ ដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអប្រាហាំជូនដំណើរ ដើម្បីលាគ្នា។
17. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបម្រុងនឹងធ្វើនោះ មិនឲ្យអប្រាហាំដឹងឬ?
18. អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ
19. ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។
20. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។