1. លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។
2. លោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង»។ លោកអាប់រ៉ាមក៏ស្ដាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។
3. ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
4. លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។