22. ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។
23. ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
24. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។
25. ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
26. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
27. ព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី។
28. ព្រះជាម្ចាស់បានប្រទានពរឲ្យគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
29. ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍ យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជឲ្យអ្នករាល់គ្នាធ្វើជាអាហារ
30. យើងក៏ឲ្យស្មៅខៀវខ្ចីទាំងប៉ុន្មានដល់សត្វព្រៃទាំងអស់ ដល់បក្សាបក្សីទាំងអស់នៅលើមេឃ ដល់សត្វទាំងអស់ដែលលូនវារនៅលើដី គឺដល់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិត ធ្វើជាអាហារដែរ» នោះក៏កើតមានដូច្នោះមែន។
31. ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គឈ្វេងយល់ថាល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។