5. ពេលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយដូចខាងលើនេះ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
6. បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យគេ។
7. «ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។
8. គាត់ត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ។ មុនដំបូង លោកត្រូវថ្វាយសត្វមួយជាយញ្ញបូជារំដោះបាប គឺលោកមួលកសត្វនោះ តែមិនផ្ដាច់ក្បាលវាចេញពីខ្លួនទេ។
9. លោកយកឈាមខ្លះរបស់សត្វដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាយញ្ញបូជារំដោះបាប។
10. បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
11. ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្ដមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។
12. គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្ដាប់ ទុកជាទីរំឭក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។