23. បូជាចារ្យត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណា ម្ចាស់ដីត្រូវបង់ប្រាក់នៅថ្ងៃនោះតាមតម្លៃដែលបូជាចារ្យបានគិត ហើយប្រាក់ថ្លៃដីត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
24. លុះដល់ឆ្នាំមេត្តាករុណា ដីនោះនឹងបានទៅជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ។
25. ការវាយតម្លៃទាំងអស់ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗស្មើនឹងម្ភៃកេរ៉ា*។
26. មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងពីហ្វូងសត្វរបស់ខ្លួនថ្វាយព្រះអម្ចាស់ឡើយ ដ្បិតកូនដំបូងរបស់សត្វ គឺទាំងកូនគោ ទាំងកូនចៀម ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ រួចស្រេចទៅហើយ។
27. ប្រសិនបើសត្វនោះជាសត្វមិនបរិសុទ្ធ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលបូជាចារ្យបានគិត។