29. អ្នកដែលពុំតមអាហារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
30. អ្នកដែលធ្វើការអ្វីមួយនៅថ្ងៃនោះ យើងនឹងធ្វើឲ្យគេវិនាសនៅក្នុងចំណោមប្រជាជនរបស់ខ្លួន។
31. អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
32. ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃសប្ប័ទ ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាកដូចថ្ងៃសប្ប័ទ ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
33. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
34. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យបារាំ*សម្រាប់លើកតម្កើងព្រះអម្ចាស់ ចំនួនប្រាំពីរថ្ងៃ។
35. នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
36. អ្នករាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំបី ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ហើយថ្វាយតង្វាយដុតដល់ព្រះអង្គ។ ថ្ងៃនោះជាថ្ងៃបង្ហើយបុណ្យ ដែលអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។