22. ពេលណាអ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។ ត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក»។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំឭក និងស្រែកជយឃោស ដោយជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។
25. អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ តែត្រូវថ្វាយយញ្ញបូជាជាតង្វាយដុតដល់ព្រះអម្ចាស់»។
26. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
27. «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ ត្រូវតមអាហារ ហើយថ្វាយយញ្ញបូជា ជាតង្វាយដុតដល់ព្រះអម្ចាស់។