12. កូនស្រីរបស់បូជាចារ្យ ដែលរៀបការជាមួយអ្នកមិនមែនជាបូជាចារ្យ គ្មានសិទ្ធិបរិភោគអាហារដែលយកពីតង្វាយដ៏វិសុទ្ធឡើយ។
13. ប៉ុន្តែ កូនស្រីរបស់បូជាចារ្យដែលជាស្ត្រីមេម៉ាយ ឬត្រូវប្ដីលែង ហើយគ្មានកូនចៅទេ ពេលនាងវិលត្រឡប់ទៅនៅជាមួយឪពុកវិញ ដូចគ្រានៅពីក្មេង នាងមានសិទ្ធិបរិភោគម្ហូបអាហាររបស់ឪពុកនាងបាន។ រីឯអ្នកក្រៅគ្មានសិទ្ធិបរិភោគម្ហូបអាហារនេះឡើយ។
14. ប្រសិនបើនរណាបរិភោគតង្វាយដ៏វិសុទ្ធដោយមិនដឹងខ្លួន ត្រូវយកអាហារមកសងបូជាចារ្យ ស្របតាមតម្លៃតង្វាយនោះ ព្រមទាំងបន្ថែមមួយភាគប្រាំផង។
15. បូជាចារ្យមិនត្រូវធ្វើឲ្យតង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយព្រះអម្ចាស់ ក្លាយទៅជាសៅហ្មងឡើយ។
16. ប្រសិនបើបូជាចារ្យបរិភោគតង្វាយដ៏វិសុទ្ធ*ដោយមិនសមរម្យ ពួកគេនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលមានទោស។ យើងជាព្រះអម្ចាស់ ដែលញែកពួកគេឲ្យវិសុទ្ធ»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
18. «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលដូចតទៅ: ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសរស់នៅក្នុងស្រុកអ៊ីស្រាអែល អ្នកណានាំយកសត្វមកថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ ទោះបីតង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្តក្ដី
19. ដើម្បីឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ គេត្រូវយកគោឈ្មោល កូនចៀម និងកូនពពែ ដែលល្អឥតខ្ចោះមកថ្វាយ។
20. មិនត្រូវថ្វាយសត្វណាមួយដែលពិការឡើយ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យទទួលពីអ្នកទេ។
21. ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត សត្វនោះត្រូវតែល្អឥតខ្ចោះ ទើបគាប់ព្រះហឫទ័យព្រះអង្គ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។