6. ប្រសិនបើមាននរណាម្នាក់ក្បត់យើង ដោយបែរទៅរកគ្រូអន្ទងខ្មោច និងគ្រូទាយជោគរាសី យើងនឹងដាក់ទោសអ្នកនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន។
7. អ្នករាល់គ្នាត្រូវញែកខ្លួនឲ្យវិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជាប្រជាជនដ៏វិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
8. ត្រូវកាន់ និងអនុវត្តតាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
9. អ្នកជេរប្រមាថឪពុកម្ដាយត្រូវទទួលទោសដល់ស្លាប់។ អ្នកនោះទទួលខុសត្រូវលើការស្លាប់របស់ខ្លួន ព្រោះបានជេរប្រមាថឪពុកម្ដាយ។
10. ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
11. ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន គឺបន្ថោកកិត្តិយសឪពុក បុរស និងស្ត្រីនោះត្រូវទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
12. ប្រសិនបើបុរសម្នាក់រួមរ័កជាមួយកូនប្រសាស្រីរបស់ខ្លួន អ្នកទាំងពីរត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
13. ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបុរសម្នាក់ទៀត ដូចគេរួមដំណេកជាមួយស្ត្រី អ្នកទាំងពីរប្រព្រឹត្តអំពើមួយគួរស្អប់ខ្ពើមបំផុត គេត្រូវតែទទួលទោសដល់ស្លាប់។ អ្នកទាំងពីរទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
14. ប្រសិនបើបុរសម្នាក់យកស្ត្រីពីរនាក់ ទាំងម្ដាយ ទាំងកូនស្រីមកធ្វើជាប្រពន្ធ គឺជាអំពើមួយដ៏ថោកទាប។ ត្រូវយកជននោះ និងស្រីទាំងពីរទៅដុត ដើម្បីបំបាត់អំពើដ៏ថោកទាបនេះ ចេញពីចំណោមអ្នករាល់គ្នា។
15. ប្រសិនបើបុរសម្នាក់រួមរ័កជាមួយសត្វ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯសត្វក៏ត្រូវសម្លាប់ចោលដែរ។
16. ប្រសិនបើស្ត្រីម្នាក់ទៅរួមរ័កជាមួយសត្វ ត្រូវសម្លាប់ទាំងស្ត្រីនោះ ទាំងសត្វ។ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។