20. ប្រសិនបើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបម្រើដែលត្រូវជាគូដណ្ដឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងឲ្យទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។
21. បុរសដែលបានប្រព្រឹត្តខុស ត្រូវនាំយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
22. បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យបុរសនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គឺបូជាចារ្យត្រូវថ្វាយចៀមឈ្មោលជាយញ្ញបូជាលោះបាប នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យគេរួចពីបាប។
23. ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុក ហើយដាំដើមឈើហូបផ្លែគ្រប់មុខ ត្រូវចាត់ទុកផ្លែឈើទាំងនោះជាផ្លែមិនបរិសុទ្ធ ក្នុងអំឡុងពេលបីឆ្នាំ គឺកុំបរិភោគឡើយ។
24. នៅឆ្នាំទីបួន ត្រូវញែកផ្លែឈើទាំងអស់ជាសក្ការៈថ្វាយព្រះអម្ចាស់ ដើម្បីសរសើរតម្កើងព្រះអង្គ។
25. នៅឆ្នាំទីប្រាំ អ្នករាល់គ្នាអាចបរិភោគផ្លែឈើទាំងនេះ។ ធ្វើដូច្នេះ ភោគផលរបស់អ្នករាល់គ្នានឹងកើនចំនួនច្រើនឡើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
26. អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។
27. កុំកាត់ជើងសក់របស់អ្នករាល់គ្នាឲ្យមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។