16. មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាព្រះអម្ចាស់។
17. មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្ដីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះ ក្នុងការប្រព្រឹត្តអំពើបាបឡើយ។
18. កុំសងសឹកឲ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាព្រះអម្ចាស់។
19. ចូរប្រតិបត្តិតាមច្បាប់របស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នា មកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នក ក៏មិនត្រូវយកពូជស្រូវពីរប្រភេទ មកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។
20. ប្រសិនបើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបម្រើដែលត្រូវជាគូដណ្ដឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងឲ្យទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។
21. បុរសដែលបានប្រព្រឹត្តខុស ត្រូវនាំយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
22. បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យបុរសនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គឺបូជាចារ្យត្រូវថ្វាយចៀមឈ្មោលជាយញ្ញបូជាលោះបាប នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យគេរួចពីបាប។
23. ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុក ហើយដាំដើមឈើហូបផ្លែគ្រប់មុខ ត្រូវចាត់ទុកផ្លែឈើទាំងនោះជាផ្លែមិនបរិសុទ្ធ ក្នុងអំឡុងពេលបីឆ្នាំ គឺកុំបរិភោគឡើយ។
24. នៅឆ្នាំទីបួន ត្រូវញែកផ្លែឈើទាំងអស់ជាសក្ការៈថ្វាយព្រះអម្ចាស់ ដើម្បីសរសើរតម្កើងព្រះអង្គ។