20. ពេលគាត់ធ្វើពិធីជម្រះទីសក្ការៈ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែឈ្មោលមួយទៀតដែលនៅរស់ ចូលមក។
21. អើរ៉ុនត្រូវដាក់ដៃទាំងពីរលើក្បាលរបស់ពពែដែលនៅរស់ដោយលន់តួកំហុស ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល រួចបញ្ចេរទៅលើក្បាលពពែនោះ។ បន្ទាប់មក គាត់ត្រូវឲ្យបុរសម្នាក់ដែលគាត់បានជ្រើសរើសជាមុន ដេញពពែនោះទៅវាលរហោស្ថាន។
22. ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឆ្ពោះទៅទីស្មសាន។ កាលដេញពពែនោះទៅវាលរហោស្ថានផុតហើយ
23. អើរ៉ុនត្រូវចូលទៅក្នុងពន្លាជួបព្រះអម្ចាស់វិញ រួចដោះសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលគាត់ពាក់សម្រាប់បំពេញមុខងារក្នុងទីសក្ការៈនោះទុកនៅក្នុងទីសក្ការៈ។
24. គាត់យកទឹកលាងដៃ ជម្រះកាយនៅក្នុងទីដ៏សក្ការៈ រួចស្លៀកសម្លៀកបំពាក់របស់គាត់វិញ។ បន្ទាប់មក ទើបគាត់ចេញមកក្រៅ ថ្វាយតង្វាយដុតទាំងមូលរបស់គាត់ និងតង្វាយដុតទាំងមូលរបស់ប្រជាជន ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។
25. គាត់ត្រូវដុតខ្លាញ់របស់សត្វនៅលើអាសនៈ ដើម្បីរំដោះបាប។
26. រីឯបុរសដែលដេញពពែទៅឲ្យអាសាអែលនៅវាលរហោស្ថាននោះ ក៏ត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនដែរ។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញ។
27. រីឯគោបា និងពពែឈ្មោល ដែលគេសម្លាប់ ដើម្បីរំដោះបាប ហើយយកឈាមរបស់វាចូលទៅក្នុងទីសក្ការៈសម្រាប់លោះបាបនោះ គេត្រូវយកវាចេញទៅខាងក្រៅជំរំ ហើយដុតវា ទាំងស្បែក ទាំងសាច់ និងគ្រឿងក្នុង។