លេវី‌វិន័យ 15:16-24 Khmer Standard Version (KHSV)

16. ប្រសិន​បើ​បុរស​ម្នាក់​ហូរ​ទឹក​កាម គេ​ត្រូវ​លាង​សម្អាត​ខ្លួន​ប្រាណ​ទាំង​មូល ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

17. សម្លៀក‌បំពាក់ ឬ​កំរាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សម្អាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

18. កាល​ណា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួមរ័ក​ជា​មួយ​គ្នា នោះ​គេ​ទាំង​ពីរ​នាក់​ត្រូវ​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច»។

19. «កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

20. ពេល​មាន​រដូវ​នោះ​គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ ក៏​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។

21. អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

22. អ្នក​ប៉ះ​នឹង​កៅ‌អី​ដែល​នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

23. ប្រសិន​បើ​មាន​នរណា​ម្នាក់​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​នៅ​លើ​គ្រែ ឬ​កៅ‌អី​ដែល​នាង​អង្គុយ អ្នក​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

24. ប្រសិន​បើ​មាន​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​នាង ក្នុង​អំឡុង​ពេល​នាង​មាន​រដូវ បុរស​នោះ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ អស់​រយៈ​ប្រាំ‌ពីរ​ថ្ងៃ ហើយ​គ្រែ​ដែល​គេ​ដេក​នោះ​ក៏​មិន​បរិសុទ្ធ​ដែរ។

លេវី‌វិន័យ 15